ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈបានល្អ។ សំណូមពរបន្តខិតខំប្រមូលកម្លាំងសរុប មធ្យោបាយសរុប ដើម្បីបំពេញការងារឱ្យបានប្រសើរ ពិសេសការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័ស ចំនួនមួយកេសធំ និងថវិកាមួយចំនួនផងដែរ។